លក្ខន្តិកៈសមាគមផ្លូវថ្នល់កម្ពុជា (Not yet translate)

លក្ខន្តិកៈ
សមាគមផ្លូវថ្នល់កម្ពុជា
STATUTE
of
THE CAMBODIA ROAD ASSOCIATION (CAMRA)
ថ្ងៃទី ០៣ ខែ វិច្ឆិកា​ឆ្នាំ​​ ២០១១

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លក្ខន្តិកៈ
សមាគមផ្លូវថ្នល់កម្ពុជា(ស.ផ.ថ.ក)
បុព្វកថា
យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជំពូក៣ មាត្រា៤២ស្តីអំពីសិទ្ឋិរបស់​ប្រជាពលរដ្ឋខ្មែរ​ក្នុងការបង្កើតសមាគម និង គណបក្សនយោបាយ។
យើង ជាប្រជាពលរដ្ឋកម្ពុ​ជា ដែល​ជាប្រតិបត្តិករកំពុងធ្វើអាជីកម្មលើវិស័យ សិក្សារៀបចំប្លង់គម្រោង សាងសង់និងថែទាំផ្លូវថ្នល់ បានរួបរួមគ្នាបង្កើតឡើង នូវសមាគមមួយដែលមានឈ្មោះថា “សមាគម​ផ្លូវថ្នល់​កម្ពុជា” (ស.ផ.ថ.ក) ដើម្បីចូលរួមចំណែកក្នុងការកសាងសង្គមជាតិទាំងមូល ក្រោមការដឹកនាំរបស់​រាជរដ្ឋាភិបាល និង ក្រោមដំបូល នៃរដ្ឋធម្មនុញ្ញ។

ជំពូក ១
ឈ្មោះ  អាស័យដ្ឋាន​ ប្រភេទ និង សញ្ញាសំគាល់

មាត្រា ១:     ឈ្មោះសមាគន
សមាគមនេះមានឈ្មោះថា សមាគមផ្លូវថ្នល់កម្ពុជា” សរសេរជាអក្សរកាត់ថា (ស.ផ.ថ.ក)​សរសេរជាភាសាអង់គ្លេសថា Cambodia Road Association សរសេរអក្សរកាត់ថា (CAMRA)។

មាត្រា ២:      អាស័យដ្ឋាន​​​​សមាគមផ្លូវថ្នល់កម្ពុជា​  (ស.ផ.ថ.ក)
ស.ផ.ថ.ក មានទីស្នាក់ការកណ្តាលបណ្តោះអាសន្ន ផ្ទះលេខ ២១៦​G ​ផ្លូវ វិទ្យាល័យ ជ្រោយចង្វា សង្កាត់ ជ្រោយចង្វា ខណ្ខ ឬស្សីកែវ រាជធានីភ្នំពេញ និងអាចមានទីស្នាក់ការ សាខា ស.ផ.ថ.កនៅតាមមូលដ្ឋានខេត្ត ក្រុងទាំងអស់ដែលមានសមាជិក ស.ផ.ថ.ក កំពុងផ្តល់​​សេវាកម្មសាងសង់ស្ពានថ្នល់។

មាត្រា ៣:       សមាគមផ្លូវថ្នល់កម្ពុជា (ស.ផ.ថ.ក)​
ស.ផ.ថ.ក គឺជាសមាគមការពារសិទ្ឋិ លើកកម្ពស់អាជីព និង បំរើផលប្រយោជន៍ ឲ្យ​សមាជិក​ទាំងអស់ និង ផលប្រយោជន៍សាធារណៈ ជាសមាគមមិនស្វែងរកប្រាក់ចំណេញ មានជំហរ​អព្យាក្រឹត មិនប្រកាន់​ពូជសាសន៍ សាសនា ឬ និន្នាការនយោបាយ មិនចូលរួមក្នុង​នយោបាយ ហើយមិនធ្វើជាឧបករណ៍នយោបាយក្នុងនោះមានរួមទាំងមិនផ្តល់មធ្យោបាយ ​សម្ភារៈ ហិរញ្ញវត្ថុ ធនធានមនុស្ស ដើម្បីគាំទ្រគណបក្សនយោបាយ ឬបេក្ខជន ឬអ្នកគាំទ្រ​ណា​មួយ​​ឡើយ។ មាត្រា ៤:       ស្លាកសញ្ញា និង ត្រា  ​សមាគមផ្លូវថ្នល់កម្ពុជា​  (ស.ផ.ថ.ក)
ស.ផ.ថ.ក មានរូបសញ្ញា និង ត្រាដូចមានក្នុងឧបសម្ព័ន្ឋ  ក  ជូនភ្ជាប់។

ជំពូក ២
គោលបំណង និង សកម្មភាព

មាត្រា ៥:       គោលបំណង​​របស់សមាគមផ្លូវថ្នល់កម្ពុជា​  (ស.ផ.ថ.ក)
ស.ផ.ថ.ក មានគោលបំណងដូចខាងក្រោមៈ
១.        រួបរួមប្រតិបត្តិការអាជីវកម្មផ្នែកសិក្សារៀបចំប្លង់គម្រោង សាងសង់និងថែទាំ​ផ្លូវថ្នល់​ទាំងអស់ ​ដើម្បីជួយគ្នាទៅវិញទៅមក រក្សាការពារនូវ សិទ្ឋិសេរីភាពក្នុងមុខរបរអាជីព និង វិជ្ជាជីវៈ។
២.        ការពារផលប្រយោជន៍ អាជីព​ និង វិជ្ជាជីវៈជាអ្នកផ្តល់សេវាកម្មសិក្សា​រៀបចំប្លង់​គម្រោង​សាងសង់និងថែទាំផ្លូវថ្នល់និងស្ពានទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ជួយអប់រំណែនាំ ផ្សព្វផ្សាយ ដល់សមាជិកទាំងអស់ឲ្យយល់ដឹងកាន់តែច្បាស់លាស់ អំពីបទដ្ឋានបច្ចេកទេស ច្បាប់ផ្លូវថ្នល់ និង បទបញ្ញត្តិច្បាប់នានារបស់រដ្ឋ ដែលទាក់ទង នឹងវិស័យសាងសង់ផ្លូវថ្នល់ ដោយរួមសហការ យ៉ាងជិតស្និទ្ឋជាមួយស្ថាប័នរាជរដា្ឋ ភិបាល។ ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាលក្នុងការធ្វើឲ្យកាន់តែប្រសើរ នូវការគោរពបទដ្ឋានបច្ចេកទេស និងរៀបចំសណ្តាប់​ធ្នាប់​​ សាធារណៈលើវិស័យ សាងសង់ផ្លូវថ្នល់ ដូចជាការធានាថា ថ្នល់ និងស្ពានមាន ការសិក្សា​ រៀបចំប្លង់​គម្រោង​ត្រឹម​ត្រូវ ការសាងសង់​និង​ថែ​ទាំ​ មានសុវត្ថិភាពបានល្អ​ត្រឹមត្រូវតាមបទដ្ឋាន​​សំណង់​ ដើម្បីធានាការធ្វើដំណើរ​ប្រកបដោយ​សុវត្ថិ​ភាពនិងសន្សំសំចៃសេ​ដ្ឋកិ​ច្ច  ឈានទៅរក​ការកាត់បន្ថយ ភាពចន្លោះប្រហោង ឬកង្វះខាតបច្ចេកវិទ្យាសំណង់ដែលមានកន្លងមក និង ដើម្បីបង្កីនកិត្យានុភាពរបស់ប្រទេសដែលធ្លាប់មាន ប្រពៃណីនិង វប្បធម៌ ស្ថាបត្យកម្ម​រុងរឿង។
៣.        ជួយការពារ និង រកយុត្តិធម៌ជូនសមាជិក នៅពេលមានការរំលោភបំពានខុសច្បាប់មក​លើ សមាជិករបស់ខ្លួន។
៤.        ចូលរួមដោះស្រាយទំនាស់ឬវិវាទផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ ក្នុងអំឡុងពេល ប្រកបមុខរបរសាងសង់ស្ពានថ្នល់។
៥.        សម្របសម្រួលការងារទាំងឡាយដែលពាក់ព័ន្ឋនឹងអាជ្ញាធរ និងស្ថា​ប័​ន​ ផ្សេងៗទៀត ក្នុង​គោលដៅធ្វើអោយ អាជីកម្ម សាងសង់ស្ពានថ្នល់មានដំណើរការល្អ។
៦.        ចូលរួមផ្តល់មតិយោបល់ក្នុងអង្គប្រជុំថ្នាក់ជាតិ និង អន្តរជាតិទាក់ទងនិងវិស័យសាង​សង់ ស្ពានថ្នល់។
៧.        ជំរុញការអភិវឌ្ឍន៍វិស័យសាងសង់ស្ពានថ្នល់ជូនរាជរដ្ឋាភិបាល ដើម្បីរិះរកមធ្យោបាយ ធ្វើឲ្យសម្រេចបាននូវគោលការណ៍សាងសង់ស្ពានថ្នល់ទាំងបួន គឺ សុវត្ថិភាព គុណភាព ឆាប់​រហ័ស និង សន្សំ​សំចៃ​សេដ្ឋ​កិច្ច។
៨.        ផ្លាស់ប្តូរជាមួយស្ថាប័នរាជរដ្ឋាភិបាលនូវស្ថិតិ និង/ឬ ឯកសារ និង​​/ឬ ព័ត៌មានផ្សេងៗ​ទៀត​ដែលទាក់ទង នឹងប្រតិបត្តិការសាងសង់ផ្លូវថ្នល់។
៩.        ផ្លាស់ប្តូរជាមួយសមាជិកសមាគម នូវស្ថិតិជំរឿន និង/ឬ ឯកសារ និង​​/ឬ ពត៌មានផ្សេងៗ ទៀត​ ដែលទាក់ទង នឹងប្រតិបត្តិការសាងសង់ផ្លូវថ្នល់។
១០.      ជំរុញជាទូទៅនូវការតភ្ជាប់ផ្លូវថ្នល់ជាលក្ខណៈអន្តរជាតិ និង ដើម្បីធ្វើឲ្យលក្ខខ័ណ្ឌ ប្រតិបត្តិការផ្លូវថ្នល់ក្នុងស្រុក មានលក្ខណៈស្របតាម កម្រិតអន្តរជាតិ។
១១.      ពិភាក្សា និង សហប្រតិបត្តិការជាមួយស្ថាប័នរាជរដ្ឋាភិបាលដែលពាក់​ព័ន្ធ​ លើបញ្ហា​ផ្លូវថ្នល់ជាលក្ខណៈ ជាតិ និង អន្តរជាតិ។
១២.     ធ្វើជាតំណាងអង្គការវិជ្ជាជីវៈនៃការធ្វើពាណិជ្ជកម្មផ្លូវថ្នល់ចំពោះមុខអង្គការ​ ឬស្ថាប័ន​ផ្សេងៗ។

មាត្រា ៦:       សកម្មភា​ព​ ​សមាគមផ្លូវថ្នល់កម្ពុជា​  (ស.ផ.ថ.ក)
ដើម្បីសម្រេចនូវគោលបំណងខាងលើ សមាជិក ស​.ផ.ថ.ក ត្រូវខិត​ខំ​អស់ពីកម្លាំងកាយចិត្ត រួបរួម​សាមគ្គីគ្នា សហការយ៉ាងជិតស្និទ្ឋ ជាមួយអង្គការជាតិ អន្តរជាតិ និង ស្ថាប័ន រាជរដ្ឋាភិបាល លុបបំបាត់អោយបាននូវភាពអាណាធិបតេយ្យ ការមិនគោរពច្បាប់ និង ចូលរួម​ជួយកសាងសង្គមមួយ អោយមានសណ្តាប់ធ្នាប់ល្អ និង រក្សាបាននូវសុវត្ថិភាពជូន អ្នកប្រើប្រាស់ផ្លូវ និង ប្រជាពលរដ្ឋ។

ជំពូក ៣
សមាជិក និង សមាជិកភាព

មាត្រា ៧:     ប្រភេទនៃសមាជិក
សមាជិកសមាគមផ្លូវថ្នល់កម្ពុជាត្រូវបានបែងចែកជាបីប្រភេទគឺៈ
ក. សមាជិកអចិន្រ្តៃយ៍
សមាជិកអចិន្រ្តៃយ៍ត្រូវតែជា រូបវន្តបុគ្គល ឬនីតិបុគ្គលដែលតំណាងឲ្យ​ក្រុមហ៊ុនក្នុងស្រុក​​ និង​ ​បរទេស ដែលប្រកបរបរ ពាណិជ្ជកម្ម ខ្នាត មធ្យម និង​ធំ​​ក្នុងផ្នែកសិក្សា​រៀបចំ ប្លង់គម្រោង សាងសង់​និងថែទាំផ្លូវថ្នល់ ហើយបានចុះបញ្ជី មានទីស្នាក់ការ និង អាស័យដ្ឋាន​ត្រឹមត្រូវតាមច្បាប់និងបទបញ្ជា ផ្សេងៗ នៃព្រះរាជាណាចក្រកម្ពុជា។ មានតែបុគ្គល​​ដែលតំណាងឲ្យក្រុមហ៊ុនមួយអាចជាសមាជិក អចិន្រ្តៃយ៍​មានសិទ្ធិបោះឆ្នោត និង​មានសិទិ្ធឈរ​ឈ្មោះជាបេក្ខជនឲ្យគេបោះឆ្នោត។​

ខ. សមាជិកសាមញ្ញ
សមាជិកសាមញ្ញនៃសមាគមផ្លូវថ្នល់កម្ពុជា ត្រូវតែជារូបវន្តបុគ្គល ឬនីតិបុគ្គល​ដែលតំណាងឲ្យ ក្រុមហ៊ុនក្នុងស្រុក​ ​ឬ​ បរទេសមួយដែលធ្វើពាណិជ្ជកម្មខ្នាតតូច ជាទូទៅលើវិស័យ សិក្សា រៀបចំប្លង់គម្រោង​ សាងសង់ និង/ឬថែទាំផ្លូវថ្នល់ ហើយដែលបានចុះបញ្ជី និង មានទីស្នាក់ការ និង អាស័យដ្ឋាន ត្រឹមត្រូវតាមច្បាប់ និង បទបញ្ញត្តិផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជា។ រូបវន្តបុគ្គល ឬនីតិបុគ្គល​ដែលតំណាងឲ្យក្រុមហ៊ុនមួយអាចជាសមាជិកសាមញ្ញម្នាក់។ សមាជិកសាមញ្ញ ពុំមាន​សិទ្ធិ ឈរឈ្មោះឲ្យគេបោះឆ្នោតជាសមាជិកគណៈកម្មាធិការប្រតិបត្តិទេ។
គ. សមាជិកកិត្តិយស
សមាជិកកិត្តិយសនៃ ស.ផ.ថ.ក ពុំមានសិទ្ធិបោះឆ្នោត ឬឈរឈ្មោះឲ្យគេបោះឆ្នោត ជាសមាជិក គណៈកម្មាធិការប្រតិបត្តិទេ ពួកគាត់អាចជា៖

  • ឥស្សរជន ឬ បុគ្គលដែលជាទីគោរពនៃប្រជាពលរដ្ឋ ឬ សប្បុរសជនដែលមិនមែន ជាតំណាងក្រុមហុ៑ន
  • មានស្មារតីជួយជ្រោមជ្រែងទាំងសម្ភារៈ ថវិកា និងគាំទ្រគោលការណ៍ដែលជាទិសដៅ របស់​ ស.ផ.ថ.ក​ ។
  • មិនអាចជ្រើសរើសជាសមាជិកសាមញ្ញ ឬអចិន្រ្តៃយ៍បានទេ។

មាត្រា៨:       សមាជិកអចិន្រ្តៃយ៍
ប្រតិបត្តិករអាជីវកម្មផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជាអាចចូលជាសមាជិកអចិន្រ្តៃយ៍​សមាគម​​ ផ្លូវថ្នល់កម្ពុជាបានចាំបាច់ត្រូវមានលក្ខណៈសម្បត្តិ ដូចតទៅ  ៖

  • មានវិញ្ញាបនប័ត្រ និង លិខិតអនុញ្ញាតត្រឹមត្រូវ និង សមស្របទៅតាមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
  • មានវិញ្ញាបនប័ត្រចុះបញ្ជីពន្ឋដារត្រឹមត្រូវ។
  • មានប័ណ្ណប៉ាតង់ប្រចាំឆ្នាំ ដែលមានសុពលភាព។
  • បាន សិក្សារៀបចំ ប្លង់គម្រោង សាងសង់​ និង/ឬ​ ថែទាំផ្លូវថ្នល់ដែលមានតម្លៃលើសពី ​​​​៤០០ ០០០ ០០០ (បួនរយលាន) រៀល យ៉ាងហោចណាស់មួយឆ្នាំ​ក្នុងរយៈពេលថវិកា​បីឆ្នាំ​ចុងក្រោយ​។
  • យល់ព្រមគោរពតាមលក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុងរបស់ ស.ផ.ថ.ក។

មាត្រា ៩:     សមាជិកសាមញ្ញ
ប្រតិបត្តិករអាជីវកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជាអាចចូលជាសមាជិកសាមញ្ញ​សមាគមផ្លូវថ្នល់​កម្ពុជាបាន ចាំបាច់ ត្រូវមានលក្ខណៈសម្បត្តិដូចតទៅ ៖

  • មានវិញ្ញាបនប័ត្រ និង លិខិតអនុញ្ញាតត្រឹមត្រូវ និង សមស្របទៅតាមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។
  • មានវិញ្ញាបនប័ត្រចុះបញ្ជីពន្ឋដារត្រឹមត្រូវ។
  • មានប័ណ្ណប៉ាតង់ប្រចាំឆ្នាំ ដែលមានសុពលភាព។
  • យល់ព្រមគោរពតាមលក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុងរបស់ ស.ផ.ថ.ក។

មាត្រា ១០:  ការបំពេញបែបបទចូលជាសមាជិក
នីតិបុគ្គល និង/ឬ រូបវន្តបុគ្គលដែលតំណាងឲ្យក្រុមហ៊ុនមួយ ហើយដែលចង់ក្លាយជាសមាជិក អចិន្រ្តៃយ៍ ឬ សមាជិកសាមញ្ញរបស់សមាគមផ្លូវថ្នល់កម្ពុជា ត្រូវដាក់ពាក្យសុំទៅ​ប្រធាន ស.ផ.ថ.ក អាស្រ័យទៅលើបែបបទរបស់សមាគមផ្លូវថ្នល់កម្ពុជា។ (សូមមើលឧបសម្ព័ន្ឋ ខ នៃ ពាក្យសុំចូលជាសមាជិក)។

មាត្រា ១១:   ការពិចារណាលើពាក្យសុំចូលជាសមាជិក
អគ្គលេខាធិការ​សមាគម​​ផ្លូវថ្នល់កម្ពុជានឹងបង្ហាញពាក្យសុំចូលជាសមាជិកទៅគណៈកម្មាធិការ ប្រតិបត្តិ​ រៀងរាល់ពេលប្រជុំ។ បន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិបានបោះឆ្នោតផ្តល់ការយល់ ព្រម ឬ បដិសេធ ស​មា​ជិ​ក​ភាព ​របស់​បុគ្គលណាមួយនោះ (នីតិបុគ្គល ឬ រូបវន្តបុគ្គល) ប្រធាន ស.ផ.ថ.កនឹងជូនដំណឹងទៅបុគ្គលដាក់ពាក្យសុំចូលជាសមាជិកក្នុងរយៈពេល៧ថ្ងៃបន្ទាប់ពីការបោះ​ឆ្នោត។ ដើម្បីអោយក្លាយជាសមាជិកពេញសិទ្ឋិ របស់​ ស.ផ.ថ.ក ត្រូវមានការយល់ព្រម​ដោយ​សំលេង ឆ្នោតហាសិបបូកមួយ ឬសំលេង ភាគច្រើននៃចំនួន សមាជិកគណៈកម្មាធិការ ប្រតិបត្តិ​ទាំងអស់។

មាត្រា ១២:  កាលបរិច្ឆេទនៃប្រសិទ្ធភាពសមាជិកភាព
សមាជិកភាពមានប្រសិទ្ធភាពចាប់ពីថ្ងៃដែលសមាជិកបានបង់ប្រាក់សមាជិកភាពដំបូង និង ប្រាក់សមាជិកភាពប្រចាំត្រីមាស ជូនសមាគមផ្លូវថ្នល់កម្ពុជា

មាត្រា ១៣:   ការបញ្ឈប់ពីសមាជិកភាព
សមាជិកសមាគមផ្លូវថ្នល់កម្ពុជាទាំងអស់អាចនឹងបាត់សមាជិកភាពរបស់ខ្លួនក្នុងករណី ដូច ខាងក្រោមៈ

  • មរណ​ភា​ព​ នៃរូបវន្តបុគ្គល ឬ ការ​ឈប់​ប្រ​តិ​ប​ត្តិ​ការរបស់​នីតិបុគ្គល។
  • ក្ស័យធន។
  • សុំលាឈប់ពី ស.ផ.ថ.ក​ ជាលាយលក្ខណ៍អក្សរ។
  • មិនបានបង់ប្រាក់​សមាជិកភាពចំនួន ៣ ដង ជាបន្តបន្ទាប់។
  • មិនគោរពតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ឬប្រព្រឹត្តផ្ទុយទៅនឹងខ្លឹមសារនៃមាត្រា១៥ ជំពូកទី៤នៃលក្ខន្តិកៈសមាគមនេះ។
  • មានជាប់ទោសពីបទល្មើសព្រហ្មទណ្ឌណាមួយដែលចេញដោយសាលក្រម ឬសាល ដីកាស្ថាពររបស់តុលាការក្នុងព្រះរាជាណាចក្រកម្ពុជា។
  • បណ្តេញចេញពីសមាជិកតាមការសម្រេចរបស់គណៈកម្មាធិការប្រតិបត្តិ បន្ទាប់ពីបានធ្វើ​ការ​ណែនាំ​សំលេង ពីរភាគបី(២/៣) នៃការបោះឆ្នោតនៃសមាជិកគណៈកម្មាធិការប្រតិបត្តិ​និងបន្ទាប់ ពីបានធ្វើការណែនាំចំនួន២ដងជាបន្តបន្ទាប់រួចហើយសាម៉ីខ្លួន​នោះនៅតែ​មិនព្រមកែខ្លួន។

ជំពូក ៤
សិទ្ធិ និង កាតព្វកិច្ចរបស់សមាជិក​សមាគមផ្លូវថ្នល់កម្ពុជា​

មាត្រា ១៤:   សិទ្ធិរបស់សមាជិក

  • សិទ្ធិទទួលបានពីសមាគមផ្លូវថ្នល់កម្ពុជានូវការឧបត្ថម្ភគាំទ្រក្នុងអាជីពសាងសង់ ស្ពានថ្នល់ក្នុងករណីមានវិវាទ ឬ ការរំលោភបំពានផ្សេងៗ។
  • សិទ្ធិផ្តល់យោបល់ ឬ សិទ្ធិធ្វើសំណើទៅប្រធានស.ផ.ថ.ក ឬ គណៈកម្មាធិការប្រតិបត្តិ សមាគមផ្លូវថ្នល់​កម្ពុជា នូវរាល់កិច្ចការដែលទាក់ទង នឹងកម្មវត្ថុនៃសមាគមផ្លូវថ្នល់ កម្ពុជា​ដើម្បីអោយសមាគមនេះមានការរីកចំរើន។
  • សិទ្ធិចូលរួមប្រជុំក្នុងសន្និបាតរបស់សមាគមផ្លូវថ្នល់កម្ពុជា ដើម្បីជជែកវែកញែក ធ្វើអត្ថាធិប្បាយបញ្ចេញមតិ ឬចោទសំណួរទៅប្រធាន ឬធ្វើញ្ញត្តិកម្មក្នុងសន្និបាត។
  • សិទ្ធិស្នើសុំឲ្យមានការបំភ្លឺនូវរាល់ការងារដែលចាំបាច់ និង មានសារៈសំខាន់ដែលធ្វើ អោយប៉ះពាល់ដល់ផលប្រយោជន៍ (ស.ផ.ថ.ក) តាមរយៈការធ្វើសំណើជាលាយ លក្ខណ៍ អក្សរទៅគណៈកម្មាធិការប្រតិបត្តិសមាគមផ្លូវថ្នល់កម្ពុជា។
  • សមាជិកអចិន្រ្តៃយ៍​ និងសមាជិកសាមញ្ញមានសិទ្ធិបោះឆ្នោត។
  • សមាជិកអចិន្រ្តៃយ៍អាចឈរឈ្មោះអោយគេបោះឆ្នោតធ្វើជាសមាជិកគណៈកម្មាធិការប្រតិបត្តិ
  • សមាជិក កិត្តិយស ដែលមិនជាប់ពាក់ព័ន្ធនៅក្នុងក្រុមហ៊ុនអាជីវកម្មផ្លូវថ្នល់​ អាចឈរ​ឈ្មោះអោយគេបោះឆ្នោត     ធ្វើជាប្រធាន ស.ផ.ថ.ក ។

មាត្រា ១៥:   កាតព្វកិច្ចរបស់សមាជិក

  • គោរពយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់រាល់ លក្ខន្តិកៈបទបញ្ជាផ្ទៃក្នុងសេចក្តីសម្រេចរបស់​សន្និបាត សេចក្តីសម្រេចរបស់គណៈកម្មាធិការប្រតិបត្តិ និង កាតព្វកិច្ចដែលកំណត់ដោយ ស.ផ.ថ.ក។
  • រក្សាកិត្តិស័ព្ទ និង ផលប្រយោជន៍របស់ ស.ផ.ថ.ក ព្រមទាំងការសម្ងាត់ ដែលមាន ក្នុងសន្និបាត និង ក្នុង ស.ផ.ថ.ក ព្រមទាំងព័ត៌មានទាំងឡាយ ដែលនាំអោយខូច ដល់កិត្តិនាមរបស់ស.ផ.ថ.ក។
  • ត្រូវលើកស្ទួយ និង គាំទ្រគ្រប់ពេលវេលានូវរាល់កិច្ចការរបស់ស.ផ.ថ.ក ដើម្បី ភាពរីកចំរើន។
  • ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងរវាងសមាជិកសមាគមនិងសហការគ្នាធ្វើសកម្មភាព​ពាណិជ្ជកម្ម​ តាម លក្ខណៈជួយគ្នាទៅវិញទៅមកដោយសុច្ចរិតស្មោះត្រង់។
  • បង់ប្រាក់សមាជិកភាពទៀងទាត់ និងស្មើៗគ្នា។
  • សមាជិកដែលបានប្តូរនាម នាមត្រកូល សញ្ជាតិ ទីស្នាក់ការ ប្រភេទសហគ្រាស ឬ រូបវន្តបុគ្គល ឬនីតិបុគ្គលដែលជាតំណាងស្របច្បាប់របស់ខ្លូន ត្រូវជូនដំណឹងជា​លាយលក្ខណ៍​​អក្សរ ទៅប្រធាន ស.ផ.ថ.ក ក្នុងរយៈពេល ៣០ថ្ងៃគិតពីថ្ងៃប្តូរ។

ជំពូក ៥
មូលនិធិ និង ប្រាក់សមាជិកភាព
មាត្រា ១៦:   មូលនិធិ​របស់សមាគមផ្លូវថ្នល់កម្ពុជា​  (ស.ផ.ថ.ក)

  • ប្រាក់សមាជិកភាព និង វិភាគទានរបស់សមាជិកស.ផ.ថ.ក។
  • អំណោយសប្បុរសធម៌ស្របច្បាប់ពីសប្បុរសជន​ក្នុងស្រុក អន្តរជាតិ និងប្រភពផ្សេងៗ ទៀត។
  • សេវាកម្ម និង​ ផលិតផលដែលផ្តល់ឲ្យដោយ ស.ផ.ថ.ក រួមមានដួចជា ទស្សនាវដ្តី  និង ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងព្រឹត្តិការណ៍​ផ្សព្វផ្សាយផ្សេងៗ។

មាត្រា ១៧:   ហិរញ្ញវត្ថុ​របស់សមាគមផ្លូវថ្នល់កម្ពុជា​  (ស.ផ.ថ.ក)
រាល់ចំណូលហិរញ្ញវត្ថុទាំងអស់ ទោះប្រាក់រៀល ឬ រូបិយវត្ថុដទៃទៀតត្រូវគ្រប់គ្រងដោយ ហិរញ្ញិករបស់ ស.ផ.ថ.ក ដោយមានការយល់ព្រមពីប្រធាន​ ស.ផ.ថ.ក។ ហិរញ្ញិកមានសិទ្ធិ ថែរក្សាទុកនូវសាច់ប្រាក់មួយចំនួនក្នុងបេឡារបស់ ស.ផ.ថ.ក តាមការកំណត់របស់ គណៈកម្មាធិការប្រតិបត្តិ ក្រៅពីនោះត្រូវបញ្ចូលទៅក្នុងគណនីធនាគារណាមួយ​ ដែលទទួលស្គាល់ដោយ​ធនាគារ​ជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមគណនីរបស់ ស.ផ.ថ.ក។ ការធ្វើ​សវនកម្ម​គណនេយ្យ ស.ផ.ថ.ក នឹងត្រូវបានគេធ្វើប្រចាំឆ្នាំដោយសវនករឯករាជ្យពេញ​សមត្ថភាព។

មាត្រា ១៨:   ការចំណាយរបស់​សមាគមផ្លូវថ្នល់កម្ពុជា​  (ស.ផ.ថ.ក)
រាល់ការចំណាយរបស់ ស.ផ.ថ.ក ទោះជាការចំណាយលើបុព្វហេតុរដ្ឋបាល លើការឧបត្ថម្ភ ដល់សមាជិក ឬ ការចំណាយលើកម្មវិធីនានារបស់ ស.ផ.ថ.ក ក៍ដោយត្រូវមាន សក្ខីប័ត្រ និង មានហត្ថលេខារបស់ហិរញ្ញិក និង ប្រធាន ស.ផ.ថ.ក។ រាល់ការចំណាយទាំងឡាយណា ដែលធ្វើឡើងដោយអត្តនោម័ត ពុំមានការយល់ព្រមពីប្រធាន ស.ផ.ថ.ក មិនត្រូវបានចាត់​បញ្ចូល​​ជាការចំណាយរបស់ ស.ផ.ថ.ក ឡើយ។

មាត្រា ១៩:   ប្រាក់សមាជិកភាព​សមាគមផ្លូវថ្នល់កម្ពុជា​  (ស.ផ.ថ.ក)
១.        សមាជិកអចិន្រ្តៃយ៍ ត្រូវបង់ប្រាក់សមាជិកភាពដំបូង និងប្រចាំមួយត្រីមាស សម្រាប់​ចំនួនទឹកប្រាក់ដែលបានកំណត់​និងអាចកែប្រែចំនួនទឹកប្រាក់ទៅតាម​​ ពេលវេលា​កំណត់​​​​ដោយ​គណៈកម្មាធិការ​​​ប្រតិបត្តិ។
២.        សមាជិកសាមញ្ញ ត្រូវបង់ប្រាក់សមាជិកភាពដំបូង និងប្រចាំមួយត្រីមាស សម្រាប់​ចំនួនទឹកប្រាក់ ដែលបានកំណត់​និងអាចកែប្រែចំនួនទឹកប្រាក់ទៅតាមពេលវេលា​កំណត់​​ដោយក្រុម​ប្រឹក្សាប្រតិបត្តិ ។
៣.        ប្រាក់សមាជិកភាពត្រូវបង់នៅថ្ងៃទី ១ នៃដើមត្រីមាសនីមួយៗ ឬក្នុងករណីបើជា​សមាជិកថ្មី ត្រូវបង់នៅថ្ងៃដែលសមាជិកនោះបាន​ទទួលស្គាល់ ដោយលេខាធិការដ្ឋាន​នៃក្រុមគណៈកម្មាធិការប្រតិបត្តិ។ ចំពោះសមាជិក ស.ផ.ថ.ក ដែលបានចូលរួមក្រោយដើម​ត្រីមាស​និមួយៗ ត្រូវបង់ប្រាក់សមាជិកភាព​គ្រប់ចំនួនមួយត្រីមាស។
៤.        ប្រាក់សមាជិកភាពមិនអាចដកវិញបានទេ មិនថាទាំងអស់ ឬក៏ផ្នែកណានោះ។

ជំពូក ៦
រចនាសម្ព័ន្ធការងារ និង ភារៈកិច្ច

មាត្រា ២០:  រចនាសម្ព័ន្ធការងាររបស់​សមាគមផ្លូវថ្នល់កម្ពុជា​  (ស.ផ.ថ.ក)
ស.ផ.ថ.ក​​ មានរចនាសម្ព័ន្ធការងារដូចតទៅៈ

  • ប្រធាន ស.ផ.ថ.ក​​ គឺជាបុគ្គលតំណាងឲ្យ​ ស.ផ.ថ.ក ហើយផ្តល់ការដឹកនាំ និងគ្រប់ គ្រងល្អដល់គណៈកម្មាធិការប្រតិបត្តិ និងសមាជិក ស.ផ.ថ.ក​​។
  • គណៈកម្មាធិការប្រតិបតិ្ត គឺជាស្ថាប័នទទួលបន្ទុកគ្រប់គ្រង ត្រួតពិនិត្យ តាមដានរាល់ សកម្មភាព ស.ផ.ថ.ក។
  • សូមមើលឧបសម្ព័ន្ឋ គ នៃរចនាសម្ព័ន្ធ ស.ផ.ថ.ក។

ជំពូក ៧
គណៈកម្មាធិការប្រតិបតិ្ត

មាត្រា ២១:  ការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបតិ្ត និង ក្រុមប្រឹក្សាភិបាលស.ផ.ថ.ក
១.        គណៈកម្មាធិការប្រតិបតិ្តត្រូវមានចំនួន ០៧រូប នៃសមាជិកអចិន្រ្តៃយ៍ដែលបានជ្រើសរើស​ដោយមហាសន្និបាតប្រចាំឆ្នាំ​ ដែលក្នុងនោះសមាជិកគណៈកម្មាធិការប្រតិបតិ្តចំនួន ២ ភាគ ៣ ត្រូវមាន សញ្ជាតិខ្មែរ។
២.        ការបោះឆ្នោតជូនសមាជិកអចិន្ត្រៃយ៍ជ្រើសរើសជាគណៈកម្មាធិការប្រតិបតិ្តនឹងត្រូវធ្វើ​តាមគោល​ការណ៍​ដូចតទៅៈ
ក.        សមាជិក០៣ រូបនៃគណៈកម្មាការបោះឆ្នោតជ្រើសរើសត្រូវបាន​បង្កើតឡើងពី​សមាជិកដែលបានដកខ្លួនចេញពីបេក្ខភាពនៃការជ្រើសរើសគណៈកម្មាធិការប្រតិបតិ្ត។
ខ.        បណ្តាសមាជិកទាំងអស់ត្រូវគូសឈ្មោះជ្រើសរើសបេក្ខជន ដែលខ្លូនពេញចិត្តចំនួន ០៧ រូប (លើកលែងសាម៉ីខ្លូន) បញ្ជីឈ្មោះបេក្ខជន​ដាក់ក្នុងស្រោមសំបុត្របិទជិត រូចយកដោយផ្ទាល់ដៃដល់គណៈកម្មការ​បណ្តោះអាសន្ន ដែលត្រូវបង្កើតឡើង​សម្រាប់​ពេលបោះឆ្នោតដំបូង។
គ.        គណៈកម្មការនេះត្រូវយកស្រោមសំបុត្រទាំងនោះ មកដាក់ក្នុងហិបឆ្នោត​នៅថ្ងៃ បោះឆ្នោតដើម្បីបើកបញ្ជីនេះចំពោះសមាជិកនៃអង្គសន្និបាត។
ឃ.       សមាជិកជាប់ឆ្នោតថ្មី៧រូប​ ដែលមានសំលេងច្រើនជាងគេតាមលំដាប់​នឹង​បង្កើតជាគណៈកម្មាធិការប្រតិបតិ្ត​លើកលែងថាយ៉ាងហោចណាស់​ មាន​សមាជិក​ម្នាក់​ដែលមានមុខរបរជាអ្នកសិក្សារៀបចំប្លង់​ និងយ៉ាងហោចណាស់​ មាន​សមាជិកម្នាក់​ ដែលមាន​មុខរបរ​ខាងសាងសង់ និងថែទាំស្ពានថ្នល់។
ក្នុងករណីដែលគ្មានសមាជិកជាប់ឆ្នោតណាម្នាក់នៅក្នុងគណៈកម្មាធិការប្រតិបតិ្ត​ដែល​តំណាងឲ្យទីប្រឹក្សាឬក្រុមហ៊ុនសាងសង់ដូច្នេះសមាជិក​ដែលមានសំលេង​តិចជាងគេនឹងមិនអាចជាសមាជិកគណៈកម្មាធិការប្រតិបត្តិ​ទេ​ហើយសមាជិក​ដែលមានសំលេង​ឆ្នោត​បន្ទាប់ដែលមិនមានតំណាងនៅក្នុងគណៈកម្មាធិការប្រតិបតិ្ត(ក្រុមប្រឹក្សាឬក្រុមសាងសង់)​នឹងក្លាយជាសមាជិកគណៈកម្មាធិការប្រតិបតិ្ត។ សមាជិកដែលមានសំលេងច្រើនជាងគេបង្អស់នឹងក្លាយជានាយកគណៈកម្មាធិការប្រតិបតិ្ត។
ង.        បុគ្គលមានសំលេងឆ្នោតច្រើន​ជាងគេនឹងត្រូវធ្វើជាប្រធាន​គណៈកម្មាធិការប្រតិបតិ្ត​ក្នុងករណីបុគ្គលមានសំលេងឆ្នោតច្រើនមិនព្រមធ្វើជាប្រធានគណៈកម្មាធិការ​ប្រតិបតិ្ត សមាជិកម្នាក់នៃក្រុមគណៈកម្មាធិការប្រតិបតិ្ត​ ដែលមានសំលេងឆ្នោត​ច្រើនបន្ទាប់​នឹងត្រូវជ្រើសតាំង​ជាប្រធានគណៈកម្មាធិការប្រតិបតិ្ត​​ ។
ច.        ប្រសិនបើមានបុគ្គលមានសំលេងស្មើគ្នា ដើម្បីធ្វើជាគណៈកម្មាធិការប្រតិបតិ្ត មហាសន្និបាតត្រូវបោះឆ្នោតជាថ្មី​ចំពោះតែបុគ្គលដែលបានទទួលសំលេង​ឆ្នោត​ស្មើគ្នានោះ។ ​ បើនៅតែ ស្មើគ្នាទៀតវិធីដោះស្រាយគឺការចាប់ឆ្នោត។
៣.        នាយកក្រុមប្រឹក្សាភិបាល ស.ផ.ថ.ក​និងសមាជិកគណៈកម្មាធិការប្រតិបតិ្តទាំងអស់ ធ្វើការងារ​ដោយពុំមាន​លាភការ លើកលែងតែមានការយល់ព្រមអោយមានលាភការលើសំលេង​២ភាគ៣​ នៃសមាជិកដែលមាន​សិទិ្ធបោះឆ្នោតទាំងអស់នៅពេលធ្វើមហាសន្និបាត។
៤.        គណៈកម្មាធិការប្រតិបត្តិ និង ប្រធាន ស.ផ.ថ.ក នឹង ត្រូវធ្វើការបោះឆ្នោតជ្រើសរើស​រៀងរាល់ ២ឆ្នាំម្តង សម្រាប់អណត្តិរបស់ខ្លូន។
៥.        នាយកក្រុមប្រឹក្សាភិបាល ស.ផ.ថ.ក ត្រូវមានសញ្ជាតិខ្មែរ និងត្រូវធ្វើការបោះឆ្នោតជ្រើសរើសដោយ គណៈកម្មាធិការប្រតិបត្តិពីក្នុងចំណោមសមាជិកកិត្តិយស ឬ ឥស្សរៈជនណាមួយ​ដែល​មិនជាប់ ពាក់ព័ន្ធក្នុងមុខរបរក្រុមហ៊ុនសាងសង់ណាមួយឡើយៈ
៦.        នាយកប្រតិបត្តិនឹងត្រូវរៀបចំចាត់ចែងទៅតាមតួនាទីភារៈកិច្ចរបស់សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិនីមួយៗ​។
ក. នាយករងប្រតិបត្តិ(ត្រូវតែសញ្ជាតិខ្មែរ​ ប្រសិនបើប្រធានមិនមែនជាជនជាតិខ្មែរ)
ខ. អគ្គលេខាធិការ (ត្រូវមានសញ្ជាតិខ្មែរ)
គ. ហិរញ្ញិក (ត្រូវមានសញ្ជាតិខ្មែរ)
ឃ. មន្រ្តីទទួលបន្ទុកខាងចុះបញ្ជី
ង. មន្រ្តីទទួលបន្ទុកខាងមុខរបរ
ច. អ្នកទទួលបន្ទុកខាងទំនាក់ទំនងសាធារណៈ

មាត្រា ២២:  ការចាកចេញ ឬ ការលាលែងពីតំណែងគណៈកម្មាធិការប្រតិបតិ្ត
ការចាកចេញ/ការលាលែងពីសមាជិកនៃគណៈកម្មាធិការប្រតិបត្តិ​ នៃ​ ស.ផ.ថ.ក ដូចមាននៅ ក្នុងករណីខាងក្រោមៈ
១.​ ការចាកចេញដោយសារផុតអាណត្តិ។
២. ការសុំលាលែង ដោយបានទទួលការយល់ព្រមពីគណៈកម្មាធិការ ប្រតិបត្តិ។
៣. ការបញ្ចប់សមាជិកភាព​ ដូចមានចែងនៅក្នុងមាត្រាទី​១៣។
៤. ការហូតងារដោយការបោះឆ្នោត នៅមហាសន្និបាត។
៥. ការផ្តន្ទាទោសដោយសាលក្រមស្ថាពរ។
៦.​​​​​​​​​​ សមាជិកគណៈកម្មាធិការប្រតិបត្តិ​ ដែលអវត្តមានពេលប្រជុំគណៈកម្មាធិការប្រតិបត្តិ​ចំនួន៣​ដង ជាប់ៗគ្នា ដោយគ្មានមូលហេតុឬការអនុញ្ញាតពីប្រធាន បុគ្គលនោះអាចនឹង​ត្រូវប្រកាសដោយសំលេងឆ្នោតភាគច្រើន ឬហាសិបបូកមួយ (៥១%) នៃគណៈកម្មាធិការប្រតិបត្តិ​ ដើម្បី​ដកហូតតំណែងពីសមាជិកគណៈកម្មាធិការប្រតិបត្តិ​។
៧. នាយកប្រឹក្សាភិបាល ស.ផ.ថ.ក ដែលលាកលង​ ឬបញ្ឈប់ពីការងារមានប្រសិទ្ធភាព ចាប់ពីថ្ងៃ ត្រូវបានវិនិច្ឆ័យ និង ចុះហត្ថលេខាដោយគណៈកម្មាធិការប្រតិបត្តិ​ ដោយសំលេង​ភាគច្រើន​ ឬហាសិបបូកមួយ (៥១%)។

មាត្រា ២៣:  ប្រសិទ្ធភាពនៃការបញ្ឈប់អាណត្តិ ឬ ការលាលែង
ក្នុងករណីដែលមានសមាជិកនៃគណៈកម្មាធិការប្រតិបត្តិត្រូវបានបញ្ឈប់ ឬលាលែង មុនផុត​អាណត្តិ សមាជិក ស.ផ.ថ.ក ដែលនៅសល់ត្រូវកោះប្រជុំមហាសន្និបាត​វិសាមញ្ញ​នៃសមាជិកស.ផ.ថ.ក សម្រាប់ធ្វើការជ្រើសរើសសមាជិកថ្មីជំនួស ដើម្បីបង្គ្រប់ចំនួនសមាជិក ០៧រូបវិញ។ សមាជិកដែលបានជ្រើសរើសដោយស្របតាមមាត្រា ២១ (ជំពូកទី៧) ខាងលើត្រូវស្ថិតក្នុងតំណែងរហូតដល់ផុតអាណត្តិនៃសមាជិកដែលចាកចេញ។

មាត្រា ២៤:  កូរ៉ុមសម្រាប់ការប្រជុំគណៈកម្មាធិការប្រតិបតិ្ត
ការប្រជុំនៃគណៈកម្មាធិការ ប្រតិបត្តិ​ត្រូវធ្វើឡើងដោយមានការចូលរួមមិនតិចជាងប្រាំនាក់(៥នាក់)​នៃចំនួនគណៈកម្មាធិការ ប្រតិបត្តិ​ទាំងអស់ដើម្បីបង្កើតបានជាកូរ៉ុមមួយ។

មាត្រា ២៥:  សេចក្តីសម្រេចរបស់  អង្គប្រជុំគណៈកម្មាធិការប្រតិបត្តិ
រាល់សេចក្តីសម្រេចរបស់អង្គប្រជុំគណៈកម្មាធិការប្រតិបត្តិ​ ត្រូវធ្វើដោយផ្អែកលើមូលដ្ឋានសំលេង ឆ្នោតភាគច្រើន។ សមាជិកគណៈកម្មាធិការប្រតិបត្តិម្នាក់មានមួយសំលេង។ ក្នុងករណីមានសំលេង ឆ្នោតស្មើគ្នា ប្រធានអង្គប្រជុំជាអ្នកមានសិទ្ធិសម្រេចសេចក្តី។
ក្នុងករណីដែលគណៈកម្មាធិការប្រតិបត្តិ​ បានធ្វើសេចក្តីសម្រេចដោយបំពាន នឹងវិធាននេះ សេចក្តី សម្រេចនេះត្រូវចាត់ទុកជាមោឃៈ។

មាត្រា ២៦:  អ្នកដឹកនាំការប្រជុំគណៈកម្មាធិការប្រតិបត្តិ
អ្នកដឹកនាំការប្រជុំនេះគឺជានាយកប្រតិបតិ្ត។ ក្នុងករណីនាយកប្រតិបត្តិ​​​អវត្តមាន​ សមាជិក ដែលមានវត្តមានត្រូវជ្រើសតាំងនាយកបណ្តោះអាសន្ន សំរាប់តែដឹកនាំការប្រជុំនេះ។

មាត្រា ២៧:  ការប្រជុំនៃគណៈកម្មាធិការប្រតិបត្តិ
ការប្រជុំនៃគណៈកម្មាធិការប្រតិបត្តិ​ត្រូវធ្វើឡើង យ៉ាងហោចណាស់បួនដងក្នុងមួយឆ្នាំដោយ ប្រធាន ស.ផ.ថ.ក ធ្វើសេចក្តីជូនដំណឹងពីកាលបរិច្ឆេទនៃការប្រជុំយ៉ាងតិច អោយបាន ១០ ថ្ងៃមុនការប្រជុំ។

មាត្រា ២៨:  ការចូលកាន់តំណែងនៃគណៈកម្មាធិការប្រតិបត្តិ
ការចូលកាន់តំណែងនៃគណៈកម្មាធិការប្រតិបតិ្ត អាស្រ័យលើការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការ ប្រតិបតិ្តថ្មី។ បញ្ជីឈ្មោះនៃគណៈកម្មាធិការប្រតិបតិ្តថ្មី និង គណៈកម្មាធិការប្រតិបតិ្តចាស់នឹងបញ្ជូនទៅ ក្រសួងមហាផ្ទៃ និងចម្លងជូនក្រសួងសាធារណការ និងដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជា ដោយយោងទៅតាមពិធីការរបស់ក្រសួងមហាផ្ទៃសម្រាប់ការជ្រើសរើសគណៈកម្មាធិការប្រតិបតិ្តថ្មី។ បញ្ជីឈ្មោះនៃគណៈកម្មាធិការប្រតិបតិ្តថ្មីចំនួន ១ច្បាប់ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន និង១ច្បាប់ទៀតសម្រាប់អគ្គលេខាធិការនៃ ស.ផ.ថ.ក ដើម្បីទុកជាឯកសារ។

មាត្រា ២៩:  អំណាច និង កាតព្វកិច្ច នៃគណៈកម្មាធិការប្រតិបត្តិ
អំណាច និង កាតព្វកិច្ចនៃគណៈកម្មាធិការប្រតិបតិ្តមានដូចតទៅៈ
១.  គ្រប់គ្រងលើការអនុវត្តន៍ និងការធ្វើពាណិជ្ជកម្មរបស់ ស.ផ.ថ.ក អោយសមស្រប តាមលក្ខន្តិកៈ និង សេចក្តីសម្រេចរបស់មហាសន្និតបាត។
២. កំណត់បទបញ្ជា និង សេចក្តីណែនាំលើការងាររបស់ ស.ផ.ថ.ក អោយសមស្រប តាមកម្មវត្ថុរបស់ ស.ផ.ថ.ក។
៣.   ការចុះហត្ថលេខារបស់ប្រធានសមាគមនផ្លូវថ្នល់កម្ពុជា ក្នុងការជ្រើសរើស តែងតាំង និងការបញ្ឈប់ទីប្រឹក្សាពី ស.ផ.ថ.ក​ សម្រាប់សកម្មភាពជាក់លាក់មួយចំនួន​ដែល ទាក់ទងទៅនឹងកម្មវត្ថុនៃ ស.ផ.ថ.ក។ ដូចជា ទីប្រឹក្សាអាចត្រូវបានជ្រើសរើស​ក្នុងចំណោម​សមាជិកគណៈកម្មាធិការប្រតិបត្តិ សមាជិក​ស.ផ.ថ.ក ឬ​ មិនមែនជាសមាជិក​ ស.ផ.ថ.ក ។
៤. ​​​   ត្រូវចុះហត្ថេលខាពីប្រធាន​​​ សំរាប់ការជ្រើសរើស តែងតាំង និង បញ្ឈប់បុគ្គលិក ដើម្បីជួយការងារគ្រប់គ្រង និងការងារ រដ្ឋបាលនៅក្នុង ស.ផ.ថ.ក។
៥. ធ្វើការពិចារណាលើបញ្ហាផ្សេងៗ​ ដែលអាចនឹងកើតមានឡើង និង ដែលស្របទៅនឹង គោលបំណងរបស់ ស.ផ.ថ.ក។

មាត្រា ៣០:  កាតព្វកិច្ចរបស់ប្រធាន និង គណៈកម្មាធិការប្រតិបតិ្តម្នាក់ៗ​នៃ​ស.ផ.ថ.ក
នាយកក្រុមប្រឹក្សាភិបាលមានកាតព្វកិច្ច​ដឹកនាំ​កិច្ចការរបស់ ស.ផ.ថ.ក ដោយផ្តល់ភាពដឹកនាំ និងការ គ្រប់គ្រងទៅគណៈកម្មាធិការប្រតិបតិ្ត​ ហើយដើរតួជាអ្នកតំណាងស.ផ.ថ.ក​ ក្នុងការដោះស្រាយ​បញ្ហា ជាមួយអ្នកដែលមិនមែនជា សមាជិក ស.ផ.ថ.ក។
កាតព្វកិច្ចរបស់គណៈកម្មាធិការប្រតិបត្តិ ស.ផ.ថ.ក ក្នុងការិយាល័យផ្សេងៗមានដូចតទៅៈ
១.​    នាយកប្រតិបតិ្តនៃ ស.ផ.ថ.ក មានកាតព្វកិច្ចគ្រប់គ្រង ត្រួតពិនិត្យ និង ឃ្លាំមើល​រាល់សកម្មភាពរបស់ ស.ផ.ថ.ក ហើយជួយប្រធាន ស.ផ.ថ.ក ក្នុងការ គ្រប់គ្រងកិច្ចការ ក្រោមអំណាច ប្រធាន ស.ផ.ថ.ក ហើយដើរតួជាអ្នកតំណាងប្រធាន ស.ផ.ថ.ក នៅពេលដែលគាត់អវត្តមាន។
២.    នាយករងប្រតិបតិ្តនៃ ស.ផ.ថ.ក មានកាតព្វកិច្ចជួយនាយកប្រតិបតិ្ត ក្នុងការគ្រប់គ្រង​កិច្ចការ ក្រោមអំណាចនាយកប្រតិបតិ្ត ហើយដើរតួជាអ្នកតំណាងនាយកប្រតិបតិ្ត​ក្នុងករណីអវត្តមានរបស់គាត់។
៣.   អគ្គលេខាធិការមានកាតព្វកិច្ចឆ្លើយឆ្លងលិខិត រក្សាឯកសារផ្សេងៗ របស់​ស.ផ.ថ.ក ជាលេខានៃអង្គប្រជុំ មហាសន្និបាត និងបំពេញកាតព្វកិច្ចផ្សេងៗ​ ដែលនាយកប្រតិបត្តិ​ប្រគល់ឲ្យ។ អគ្គលេខាធិការមានសិទ្ធិថែរក្សាត្រា របស់ ស.ផ.ថ.ក និង ផ្តល់ប័ណ្ណ​សមាជិកភាព។
៤.    ហិរញ្ញិកមានកាតព្វកិច្ចរក្សាប្រាក់ និង ថវិកាចំណាយរបស់ស.ផ.ថ.ក រៀបចំគណនី ហិរញ្ញវត្ថុ រក្សា និង បែងចែកសម្ភារៈផ្សេងៗរបស់ ស.ផ.ថ.ក រៀបចំឯកសារ សំរាប់សវនកម្មប្រចាំឆ្នាំ និងអនុវត្តកិច្ចការផ្សេងៗទៀតដែលនាយកប្រតិបតិ្តនៃ ស.ផ.ថ.ក កំណត់ឲ្យ។
៥.    អ្នកកាន់បញ្ជី ស.ផ.ថ.ក មានកាតព្វកិច្ចរៀបចំការចុះបញ្ជីសមាជិក និង បញ្ជីផ្សេងទៀត​ក្រៅពីបញ្ជីហិរញ្ញវត្ថុរបស់ ស.ផ.ថ.ក និងបំពេញកាតព្វកិច្ចផ្សេងៗ ដែលគណៈកម្មាធិការ​ប្រតិបតិ្ត​នៃ ស.ផ.ថ.ក កំណត់ឲ្យ។
៦.    មន្ត្រីទទួលបន្ទុកការងារ មានកាតព្វកិច្ចថែទាំការិយាល័យនៃ ស.ផ.ថ.ក ថែរក្សា សណ្តាប់​ធ្នាប់ និង ទ្រព្យសម្បត្តិ រក្សាបញ្ជីរាយនាមភ្ញៀវ រៀបចំទីកន្លែងប្រជុំ ទទួល​សា្វគមន៍ និង ថែរក្សា សុវត្ថិភាពភ្ញៀវ និង បំពេញកាតព្វកិច្ចផ្សេងៗដែល​ស.ផ.ថ.ក​កំណត់ឲ្យ។

Technical Paper

CAMRA TECHNICAL PAPER No. 4: Environmental Management Plan for Road Maintenance Works in CAMBODIA: This plan methodology have been reviewed and approved by International Consultant and it is applying [read more]